ប្រភេទជម្ងឺ : បូសអន្ទង់

ជម្ងឺបូសអន្ទង់

On July 22, 2018, 4:43 pm ប្រកាសដោយ : គ្លីនិក អេគីប

ជម្ងឺបូសអន្ទង់ (Anal Abscesses and Fistula)

I.បូសអន្ទង់ជាអ្វី?

វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។

ជម្ងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។ 

 

II.រោគសញ្ញាបូសអន្ទង់

1.មានដុំពកហើមនិងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ

2.ឈឺចាប់នៅខាងក្នុងបាតខ្លាំងដែលទើបតែកើតមានថ្មីៗ

3.មានហូរខ្ទុះនៅបាត

4.មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត

5.រមាស់នៅបាត

 

 

III.មូលហេតុ

ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នាគឺមានក្រពេញធម្មជាតិតូចៗ (glands of Hermann and Desfosses) ជាច្រើន។ គេសន្និដ្ឋានថាជម្ងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះដែលបង្ករឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។

 

IV.វិធីព្យាបាល

ការព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់។ ការវះបូសអន្ទង់មានពីប្រភេទគឺ ការវះបង្ហូរខ្ទុះបន្ធួរបន្ថយការឈឺចាប់ និងការវះឲ្យជាសះស្បើយ។ 

1.ការវះបង្ហូរខ្ទុះបន្ធួរបន្ថយការឈឺចាប់ (Drainage of abscesses)៖ 

ការវះនេះធ្វើនៅពេលដែលបូសកំពុងតែហើមនិងឈឺ។ យើងគ្រាន់តែចាក់ថ្នាំស្ពឹកវះផ្នែកខាងក្រៅនិងវះបង្ហូរខ្ទុះចេញ។ ក៏ប៉ុន្តែវាមិនមែនជាវិធីព្យាបាលឲ្យជាសះស្បើយនោះទេ វាគ្រន់តែជាការវះបន្ធូរបន្ថយការឈឺចាប់ប៉ុនណោះ។ បូសនេះនឹងលបមកវិញប្រសិនបើមិនធ្វើការវះផ្ដាច់ផ្លូវរូងរបស់វាទេ។

2.ការវះកាត់ផ្ដាច់ផ្លូវរូងបូសអន្ទង់ (Fistulotomy or Fistulectomy)៖ 

នេះជាវិធីតែមួយគត់ព្យាបាលឲ្យជាសះស្បើយ និងមិនលបឡើងវិញ។ ការវះនេះខុសពីការវះខាងក្រៅបង្ហូរខ្ទុះចេញ គឺត្រូវវះកាត់ផ្ដាច់ផ្លូវរូងនិងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។ ការវះអាចនឹងត្រូវធ្វើឡើង២ឬ៣ដង ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាត (anal sphincter) ធ្ងន់ធ្ងរ។ 

វិធីវះ៖ ត្រូវធ្វើនៅក្នុងបន្ទប់វះកាត់ ប្រើថ្នាំឲ្យស្ពឹកត្រឹមចង្កេះចុះក្រោម និងវះដោយគ្មានការឈឺចាប់។ ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាតធ្ងន់ធ្ងរ យើងត្រូវវះផ្ដាច់សាច់ដុះបាតខ្លះ និងទុកខ្លះ និងរងចាំរហូតរបួសលើកទីមួយជាសះសិនទើបធ្វើការវះម្ដង ឬពីរដងទៀតឲ្យអស់តែម្ដង។ ពីព្រោះប្រសិនបើកាត់ផ្ដាច់សាច់ដុះបាតច្រើនពេក អ្នកជម្ងឺនឹងមានផលវិបាកទាក់ទងនឹងការទប់លាមកនៅពេលក្រោយ។ បន្ទាប់ពីវះកាត់តម្រូវឲ្យសម្រាកតាមដាននៅមន្ទីពេទ្យតែ១ថ្ងៃប៉ុនណោះ រួចត្រឡប់ទៅផ្ទះវិញនឹងធ្វើការងារផ្សេងៗបានជាធម្មតា។

V.ផលវិបាកនៃបូសអន្ទង់

1.គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖ 

ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញលេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្ករឲ្យស្លោកពេញតំបន់បាត (Fournier Gangrene) និងឆ្លងមេរោគចូលក្នុងឈាម (Sepsis) ដែលអាចបណ្ដាលឲ្យស្លាប់បាន។ ករណីនេះងាយនឹងកើតមានជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជម្ងឺទឹកនោមផ្អែម ។ល។

2.លបសារចុះសារឡើងប្រសិនបើមិនវះកាត់ផ្ដាច់ផ្លូវរូងនិងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។

3.ផលរំខានដែលបណ្ដាលមកពីការឈឺចាប់ ការរមាស់ និងការហូរខ្ទុះជាប្រចាំ

 

 

VI.របបអាហាសំរាប់អ្នកជម្ងឺបូសអន្ទង់

មិនតម្រូវឲ្យតមអ្វីទាំងអស់សំរាប់អ្នកជម្ងឺបូសអន្ទង់។

ជម្ងឺនេះមិនមានវិធីបង្ការទុកជាមិននោះទេ។

 


ប្រកាសក្នុង: បូសអន្ទង់
ការណាត់ជួប