ប្រភេទជម្ងឺ : បញ្ហាផ្សេងៗ

តើការឈឺពោះ រាគរូស សុទ្ធសឹងជាជំងឺគ្រុនពោះវៀនឬទេ?

On September 20, 2019, 4:44 pm ប្រកាសដោយ : គ្លីនិក អេគីប

ក្នុងការប្រកបការងារជាគ្រូពេទ្យប្រចាំថ្ងៃ យើងតែងតែជួបនូវបញ្ហានេះជារៀងរាល់ថ្ងៃ អ្នកជំងឺមួយចំនួនធំ ដែលមកជួបពិគ្រោះជាមួយគ្រូពេទ្យតែងភ្ជាប់នូវរោគវិនិច្ឆ័យរួចជាស្រេចថាខ្លួនមានជំងឺគ្រុនពោះវៀន រឺតែងត្អូញត្អែរប្រាប់គ្រូពេទ្យថាខ្លួនមានជំងឺគ្រុនពោះវៀនរ៉ាំរ៉ៃ លាប់សារចុះឡើងមិនព្រមជា ទន្ទឹមនឹងនេះអ្នកជំងឺតែងតែបានផឹកថ្នាំផ្សះ (Antibiotic) ផ្សេងៗមុនមកជួបពិគ្រោះជាមួយគ្រូពេទ្យ។

ជាក់ស្តែងជំងឺគ្រុនពោះវៀនគឺជាជំងឺមួយដែលបង្ករោគដោយសារមេរោគពោះវៀនឈ្មោះ Salmenella ។ រោគសញ្ញានៃជំងឺរួមមានការក្តៅខ្លួន រងារញាក់ រួមផ្សំជាមួយបេះដូងលតយឹត (ដែលធម្មតាពេលគ្រុនក្តៅបេះដូងត្រូវលតលឿន) រោគសញ្ញាពោះវៀនរួមមានការឈឺពោះ ហើមតឹងពោះ ទល់លាមកជាជាងរាគរូស។ អ្នកជំងឺអាចចេញជារោគសញ្ញាអុជក្រហមនៅលើទ្រូង និងពោះ។ ការវិវត្តធ្ងន់ធ្ងរនៃជំងឺអាចមានការរីកធំថ្លើមនិងអណ្តើក ការហូរឈាម រឺអាចឈានដល់ការធ្លាយផ្នែកខាងចុងពោះវៀនតូច ព្រមទាំងមានការរលាគស្រោមពោះ គំរាមគំហែងអាយុជីវិតដោយសាររាលដាលមេរោគក្នុងឈាម (Septic shock)។

ជំងឺគ្រុនពោះវៀនគឺជាជំងឺធ្ងន់ធ្ងរ វាជាប្រភេទជំងឺស្រួចស្រាល និងមានភាពគ្រោះថ្នាក់ ទាមទារការព្យាបាលមួយដែលត្រឹមត្រូវ និងទាន់ពេលវេលាដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដូចបានរៀបរាប់ខាងលើ។ ផ្ទុយទៅវិញអ្វីដែលអ្នកជំងឺតែងមានការយល់ច្រលំថាខ្លួនមានជំងឺគ្រុនពោះវៀនរ៉ាំរ៉ៃ ព្រោះអ្នកជំងឺតែងមានទំលាប់មើលឈាម Serology Widal ដែលការមើលឈាមនេះផ្តល់ពត៍មានអោយយើងមានកំរិតព្រោះថាគ្រប់អ្នកជំងឺគ្រុនពោះវៀនតែងមានវត្តមានរបស់វាជាប់ក្នុងឈាមជានិច្ច តែមិនអាចបញ្ជាក់បានថាអ្នកជំងឺកំពុងឈឺនោះទេ រោគវិនិច្ឆ័យត្រូវធ្វើឡើងតាមរយៈការវិភាគលើរោគសញ្ញាគួបផ្សំជាមួយវត្តមានមេរោគក្នុងឈាម រឺក្នុងលាមក (Blood culture or Stool culture)។

ត្រលប់មករកបញ្ហាដែលចោតក្នុងសង្គមយើងប្រចាំថ្ងៃ ដោយមានការយល់ច្រលំ និងការយល់ដឹងក្នុងវិស័យសុខាភិបាលនូវមានកំរិត ប្រជាពលរដ្ឋដែលមានបញ្ហាពោះវៀនធំដូចជាការឈឺពោះ ការទល់លាមក ការរាគរូសជាដើម អ្នកជំងឺតែងយល់ខុស ដែលមានទំលាប់ទិញថ្នាំប្រើប្រាស់ខ្លួនឯង ព្រោះពួកគាត់បានធ្វើរោគវិនិច្ឆ័យតាមរយៈការមើលឈាមនេះ។ ការប្រើប្រាស់ថ្នាំដោយគ្មានរោគវិនិច្ឆ័យត្រឹមត្រូវ ការលេបថ្នាំផ្សះ (Antibiotic) ជារើយៗមិនត្រឹមតែបង្កផលវិបាកស៊ាំថ្នា (អត្រាស្លាប់ដោយសារការបង្កមេរោគក្នុងខ្លួនដោយសារមេរោគស៊ាំនឹងថ្នាំផ្សះគ្រប់មុខមានការកើនឡើងប្រចាំថ្ងៃក្នុងពិភពលោក) ទន្ទឹមនឹងនេះការយល់ខុសនេះធ្វើអោយអ្នកជំងឺមួយចំនួនធំអស់បន្លាយជំងឺ មិនបានទទួលការព្យាបាលត្រឹមត្រូវ ព្រោះថារោគសញ្ញាឈឺពោះរ៉ាំរ៉ៃ ទល់លាមក រឺរាគរូសប្រចាំនេះ វាអាចមិនម៉ែនត្រឹមជាជំងឺខ្សោយពោះវៀន រឺគ្រុនពោះវៀនដូចដែលអ្នកជំងឺគិតនោះទេ។ វាអាចជាសញ្ញានៃជំងឺមហារីកពោះវៀនធំផងដែរ ដែលមិនបានពិនិត្យ និងធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។

អត្ថបទនេះជាសាររំលឹក និងជាពត៍មានតិចតួចសំរាប់ជូនប្រជាពលរដ្ឋទូទៅ អោយមានការយល់ដឹងបន្ថែមពីជំងឺគ្រុនពោះវៀន។ សូមកុំមានការយល់ច្រលំ ជៀសវាងការប្រើប្រាស់ថ្នាំផ្សះ (Antibiotic) ដោយគ្មានការចាំបាច់ ។ សូមកុំធ្វែសប្រហែសពីបញ្ហាសុខភាពពោះវៀនរបស់យើង ការជួបពិគ្រោះយល់បល់ជាមួយក្រុមគ្រូពេទ្យពិតជាមានសារៈសំខាន់ខ្លាំងណាស់។ 

 


ប្រកាសក្នុង: បញ្ហាផ្សេងៗ
ការណាត់ជួប