ប្រភេទជម្ងឺ : ថ្លើម

ការជួបជុំពិសាសុរា និងការថែទាំសុខភាពថ្លើម

On November 19, 2019, 1:52 pm ប្រកាសដោយ : គ្លីនិក អេគីប

នាពេលបច្ចុប្បន្ននេះ ការពិសាសុរាមិនថាស្រាបៀរឬក៏ស្រា បានក្លាយជាទំលាប់សំរាប់កម្មវិធីផ្សេងៗទាំងក្នុងគ្រួសារ និងកម្មវិធីជប់លៀងក្នុងក្រុមហ៊ុន ខួបកំនើត និងអាពាហ៍ពិពាហ៍ជាដើម។ វាបានក្លាយជាការជួបជុំកម្សាន្តផឹកនិងជជែកគ្នាលេង ក៏ដូចជាការសម្តែងនូវការរាប់អានក្នុងសង្គម។

ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬប្រចំាថ្ងៃចាប់ពីបរិមាណ >40g អាចបង្កជាជំងឺរលាកថ្លើម ។ ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ និងការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើម។ 

ការរលាកថ្លើមស្រួចស្រាវដោយសារសុរា អ្នកជំងឺអាចស្តែងចេញជារោគសញ្ញារួមមាន ខាន់លឿង បាត់ចំណង់អាហារ ក្តៅខ្លួន និងរីកថ្លើម ការពិនិត្យឈាមឃើញឡើងគួរសមជាតិរលាកថ្លើមដែលភាសាបច្ចេកទេសហៅថា Transaminase ដែលជាធម្មតាកើនឡើងតិចជាង 300 IU/ml ក្នុងនោះផលធៀប AST/ALT ធំជាងពីរដងឬច្រើនជាងនេះ។ ពេលខ្លះអ្នកជំងឺអាចមានការឈឺចាប់នៅចុងដង្ហើម ឬផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំ និងគួបផ្សំជាមួយការខ្វះជីវជាតិ។ ពេលខ្លះវាមានលក្ខណៈធ្ងន់ធ្ងររហូតដល់ការគេងសំរាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ថ្លើម និងអាចឈានដល់ការប្តូរថ្លើម ហើយអ្នកជំងឺអាចមានគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនការព្យាបាលមិនទាន់ពេលវេលា ឬសភាពជំងឺធ្ងន់ធ្ងរសង្គ្រោះមិនបាន។

ដោយឡែកការរលាកថ្លើមរ៉ាំរ៉ៃនិងខ្លាញ់រុំថ្លើមដោយសារសុរា ជាទូទៅរោគសញ្ញាស្តែងឡើងអាស្រ័យទៅនឹងភាពធ្ងន់ធ្ងររបស់ជំងឺ ។ អ្នកជំងឺអាចមិនមានរោគសញ្ញាអ្វីទាំងអស់ ឬអាចមានការរីកថ្លើម។ ប្រសិនការរលាកថ្លើមឈានដល់ដំណាក់កាលក្រិនថ្លើម វានឹងអាចមានរោគសញ្ញានៃជំងឺថ្លើមរ៉ាំរ៉ៃដូចជា ចេញសញ្ញាក្រហមរាងផ្កាយលើទ្រូង និងដើមដៃ ចេញក្រហមបាតដៃ ឡើងក្បាលដោះចំពោះបុរស ហើយចំពោះអ្នកជំងឺក្រិនថ្លើមឈានដល់ដំណាក់កាលមានផលវិបាក អាចលេចចេញជាទាចទឹក ហើមជុំវិញខ្លួន ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ ឬមានរោគសញ្ញាវង្វេងជាដើម។ ជាទូទៅការមើលឈាមមានការកើនឡើង Transaminase ដូចក្នុងការរលាកស្រួចស្រាវដែរ ហើយការពិនិត្យអេកូថ្លើមឃើញមានសភាពខ្លាញ់រុំថ្លើម។

ការធ្វើរោគវិនិច្ឆ័យទៅលើការរលាកថ្លើមដោយសុរា ជាទូទៅផ្តោតលើការពិនិត្យ ការសាកសួរលម្អិតពីប្រវត្តិជំងឺ និងបរិមាណនៃការបរិភោគគ្រឿងស្រវឹងប្រចាំថ្ងៃ។ ការធ្វើតេស្តឈាមដើម្បីទាត់ចោលនូវបញ្ហារលាកថ្លើមអមមកជាមួយគ្នា ដូចជាជំងឺរលាកថ្លើមដោយសារមេរោគផ្សេងៗ។ ករណីខ្លះទាមទារដល់ការច្រឹបសាច់ថ្លើមដើម្បីធ្វើរោគវិនិច្ឆ័យ។

អ្នកជំងឺមួយចំនួនធំក្នុងដំណាក់កាលដំបូង អាចនឹងមិនមានរោគសញ្ញាអ្វីជាក់លាក់ ដូចនេះបានជាយើងតំរូវចាំបាច់ចំពោះអ្នកដែលពិសាសុរាជាប្រចាំត្រូវធ្វើការពិនិត្យសុខភាព និងថ្លើមជាប្រចាំ ក្នុងគោលបំណងដើម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា ក៏ដូចជាការព្យាបាលមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជៀសវាងការវិវត្តន៍ទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើម ។

ទន្ទឹមនឹងការជួបជុំរាប់អានពិសាសុរាសំរាប់បង្កើនបរិយាកាស ការពិនិត្យសុខភាពថ្លើមជាប្រចាំមិនត្រូវធ្វេសប្រហែសនោះទេ

 

 


ប្រកាសក្នុង: ថ្លើម
ការណាត់ជួប