ប្រភេទជម្ងឺ : ថ្លើម

បច្ចុប្បន្នភាពការប្រើប្រាស់សេរ៉ូមសាច់រយៈពេលវែង ក្នុងការព្យាបាលផលវិបាកជំងឺក្រិនថ្លើម Long term of Albumin Infusion in cirrhosis

On November 19, 2019, 1:58 pm ប្រកាសដោយ : គ្លីនិក អេគីប

ជំងឺក្រិនថ្លើម គឺជាជំងឺរ៉ាំរ៉ៃដែលវាមានការវិវត្តន៍ពីដំណាក់កាលដែលមិនទាន់មានលេចចេញជាផលវិបាក រហូតដល់ដំណាក់កាលលេចចេញជាផលវិបាក។ ផលវិបាករបស់ជំងឺក្រិនថ្លើមរួមមាន ទាចទឹក ខ្សោយតំរងនោម ការបង្ករោគក្នុងខ្លួនជាពិសេសរលាកស្រោមពោះ ការដាច់សរសៃឈាមបំពង់អាហារនិងក្រពះ ការពុលខួរក្បាល ការចុះជាតិអំបិលក្នុងឈាម និងមហារីកថ្លើមជាដើម។ 

ការព្យាបាលចំពោះអ្នកជំងឺក្រិនថ្លើមទាមទារការមើលថែទាំ លេបថ្នាំ និងតាមដានជាមួយក្រុមគ្រូពេទ្យអោយបានជាប់លាប់ដើម្បីទប់ស្កាត់ការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរឆាប់រហ័ស ការគំរាមគំហែងដល់អាយុជីវិតអ្នកជំងឺ ព្រមទាំងការចំណាយថវិកាអស់ច្រើន។ ជាទូទៅផលវិបាករបស់ជំងឺក្រិនថ្លើមអាចកើតមានច្រើនមុខក្នុងពេលតែមួយ ហើយការព្យាបាលទាមទារចំណាយថវិការច្រើន និងការសំរាកពេទ្យរយៈពេលច្រើនថ្ងៃ។ ក្នុងនោះការប្រើប្រាស់សេរ៉ូមសាច់ (Albumin infusion) គឺជាការព្យាបាលមួយយ៉ាងសំខាន់ដើម្បីចូលរួមស្តាស្ថានភាពជំងឺក្រិនថ្លើមអោយបានប្រសើរឡើងវិញ និងចូលរួមរក្សាមុខងារតំរងនោម ព្រោះថាជាតិសាច់ (Albumin) គឺជាប្រូតេអ៊ីនក្នុងឈាមដែលដើរតួសំខាន់ក្នុងការរក្សាលំនឹង និងដឹកនាំសារធាតុផ្សេងៗក្នុងឈាម ។ ជាក់ស្តែងការប្រើប្រាស់ថ្នាំនេះ មកដល់ពេលបច្ចុប្បន្នមានការជជែកគ្នាខ្លាំងនៅឡើយដោយសារវាមានតំលៃថ្លៃ ទោះបីវាមានប្រសិទ្ធភាព និងសារៈប្រយោជន៍ក៏ពិតមែន។ ការប្រើប្រាស់សេរ៉ូមសាច់នេះក្នុងអ្នកជំងឺក្រិនថ្លើម ត្រូវបានកំណត់អោយប្រើប្រាស់ជាសកលចំពោះករណីដូចជាការរលាកស្រោមពោះធ្ងន់ធ្ងរ ការបូមទាចទឹកបរិមាណច្រើន និងការខ្សោយតំរងនោម។ 

ជាច្រើនឆ្នាំកន្លងមកនេះ បណ្តាប្រទេសជឿនលឿនមួយចំនួនបានកំពុងធ្វើការសិក្សាពីសារៈប្រយោជន៍នៃការប្រើប្រាស់សេរ៉ូមសាច់ក្នុងរយៈពេលវែងសំរាប់ក្រុមអ្នកជំងឺក្រិនថ្លើមដែលចាប់ផ្តើមមានលេចចេញជាផលវិបាកណាមួយដូចបានរៀបរាប់ខាងលើ។ ជាទូទៅការព្យាបាលគឺទាមទារប្រើប្រាស់ថ្នាំសំរាប់ផលវិបាករបស់វារឿងៗខ្លួន ដូចជាការមានទាចទឹក នោះត្រូវប្រើប្រាស់ថ្នាំបញ្ចុះទឹកនោម (Diuretic) ការបូមទឹកជាដើម។ លទ្ធផលបានបង្ហាញនូវសញ្ញាល្អជាមួយការប្រើប្រាស់សេរ៉ូមសាច់រយៈពេលវែងបន្ថែមលើការប្រើប្រាស់ឱសថព្យាបាលធម្មតាសំរាប់ក្រុមអ្នកជំងឺនេះ។ ក្រុមអ្នកជំងឺដែលបានប្រើប្រាស់សេរ៉ូមសាច់រយៈពេលវែងបន្ថែម ការវិវត្តន៍របស់ជំងឺមានលក្ខណៈល្អ ដោយក្រុមអ្នកជំងឺនេះមានការកាត់បន្ថយអត្រាធ្ងន់ធ្ងរសំរាកពេទ្យ និងអត្រាស្លាប់ជាងក្រុមជំងឺដែលមិនបានទទួលការប្រើប្រាស់សេរ៉ូមសាច់រយៈពេលវែង។ បន្ថែមពីនេះ ប្រសិនបើយើងថ្លឹងថ្លែងលើការចំណាយថវិកាវិញ ថ្វីបើការប្រើប្រាស់សេរ៉ូមសាច់រយៈពេលវែងនេះចំណាយអស់ច្រើនក៏ពិតម៉ែន ប៉ុន្តែបើយើងគិតទៅលើផលវិបាកធ្ងន់ធ្ងរសំរាកពេទ្យ ការចំណាយទាំងនេះអាចមានតំលៃច្រើនជាងការប្រើប្រាស់សេរ៉ូមសាច់រយៈពេលវែងទៅទៀត។ បន្ថែមពីនេះវាជួយលើកកំពស់គុណភាពជីវិតរបស់អ្នកជំងឺ។


ប្រកាសក្នុង: ថ្លើម
ការណាត់ជួប