ប្រភេទជម្ងឺ : ថ្លើម

ទាចទឹកមិនមែនជាជំងឺ ការបូមទឹកពោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមែនឬ?

On November 23, 2019, 11:13 am ប្រកាសដោយ : គ្លីនិក អេគីប

ទាចទឹកត្រូវបានប្រជាជនមួយចំនួនធំគិតថាវាជាជំងឺ មិនថាអ្នកជំងឺផ្ទាល់ ឬក្រុមគ្រួសារគឺមិនបានស្វែងយល់ពីបញ្ហានេះទេដោយសន្មត់ថាសុទ្ធសឹងបណ្តាលមកពីជំងឺក្រិនថ្លើម។ បន្ថែមពីនេះទៅទៀត មកដល់បច្ចុប្បន្ននៅមានពូមីងយាយតា ជាពិសេសបងប្អូននៅតាមទីជនបទនៅប្រកាន់ទំលាប់ប្រើប្រាស់ថ្នាំដោយខ្លួនឯងតាមគ្នា ឬទទួលការព្យាបាលមួយដោយមិនមានរោគវិនិច្ឆ័យច្បាស់លាស់ ដែលវាជាកត្តាបង្កភាពធ្ងន់ធ្ងរ បាត់បង់ថវិកានិងអាយុជីវិត។ មូលហេតុចំបងមួយទៀតដែលអ្នកជំងឺនិងក្រុមគ្រួសារមិនព្រមទៅជួបពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យ ព្រោះថាប្រជាជនតែងជឿជាក់ពាក្យសំដីនិយាយតៗគ្នាថា ការបូមទឹកពោះអាចបង្កគ្រោះថ្នាក់ និងបណ្តាលអោយស្លាប់អ្នកជំងឺ។

អ្វីទៅជាទាចទឹក? តើការបូមទឹកពោះបង្កភាពគ្រោះថ្នាក់និងអាចបណ្តាលឲអ្នកជំងឺស្លាប់ឬទេ?

ទាចទឹកគឺជាការមានវត្តមានទឹកក្នុងស្រោមពោះ ដែលវាមិនមែនជាជំងឺនោះទេ។ ផ្ទុយទៅវិញវាជារោគសញ្ញាមួយនៃជំងឺផ្សេងៗជាច្រើនទៀតដែលទាមទារការពិនិត្យពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យជាក់លាក់មួយ។

តាមការអនុវត្តន៍ជាក់ស្តែងប្រចាំថ្ងៃ ទាចទឹកគឺជារោគសញ្ញាមួយដែលធ្វើអោយមានការរំខាន និងបណ្តាលអោយអ្នកជំងឺទៅសំរាកព្យាបាលនៅតាមមន្ទីរពេទ្យនិងគ្លីនិកនានា។ 

មូលហេតុចំបងៗដែលបណ្តាលអោយលេចចេញជាទាចទឹកក្នុងប្រទេសកម្ពុជារួមមានៈ

-ជំងឺក្រិនថ្លើមដែលលេចចេញផលវិបាក (decompensated cirrhosis)

-ជំងឺរបេងស្រោមពោះ (Peritoneal tuberculosis)

-ការរាលដាលមហារីកក្នុងស្រោមពោះ (Peritoneal carcinomatosis) ដោយសារមហារីកផ្សេងៗដូចជាមហារីកថ្លើម លំពែង ក្រពះ ពោះវៀន អូវែជាដើម។ 

-ការខ្សោយតំរងនោម និងការខ្សោយបេះដូង

ការធ្វើរោគវិនិច្ឆ័យដើម្បីរកមូលហេតុទាចទឹក ទាមទារការពិនិត្យពិគ្រោះយ៉ាងយកចិត្តទុកដាក់រួមផ្សំជាមួយការពិនិត្យអមវេជ្ជសាស្ត្រដូចជាការពិនិត្យឈាម ការពិនិត្យអេកូពោះ ការបូមទឹកពោះ ការថតសួត ឬឈានដល់ការថត CT-scan ជាដើម។ ការបូមទឹកពោះគឺជាការពិនិត្យអមវេជ្ជសាស្ត្រមួយដែលចាំបាច់ សំរាប់ចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យក៏ដូចជាការព្យាបាលសម្រន់មួយជាពិសេសសំរាប់អ្នកជំងឺដែលមានទាចទឹកច្រើនដែលធ្វើឲរំខានក្នុងការបរិភោគអាហារ តឹងឈឺណែនក្នុងពោះ រហូតដល់មានការរំខានក្នុងការដកដង្ហើមផងដែរ។ 

ចំពោះការបូមទឹកពោះត្រូវបានប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ និងលឺតៗគ្នាថាមិនត្រូវអនុញ្ញាតិអោយគ្រូពេទ្យធ្វើការបូមទឹកពោះនោះទេ ព្រោះវាអាចបណ្តាលអោយមានគ្រោះថ្នាក់ និងស្លាប់។ បន្ថែមពីនេះទៀតពួកគាត់យល់ថា ការបូមទឹកពោះបណ្តាលអោយទាចទឹកឡើងកាន់តែខ្លាំងដោយគ្មានបានប្រយោជន៍អ្វីឡើយ។ ការយល់ឃើញនេះ ជាឧបសគ្គរាំងស្ទះដល់ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។

ការព្យាបាលទាចទឹកទាមទារការធ្វើរោគវិនិច្ឆ័យរកមើលមូលហេតុរបស់វា ព្រោះថាការព្យាបាលដែលមានប្រសិទ្ធភាពគឺការដោះស្រាយលើមូលហេតុដែលបង្កអោយមានទាចទឹក ដូចក្នុងករណីអ្នកជំងឺក្រិនថ្លើម ការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោម គួបផ្សំជាមួយការស្តារស្ថានភាពសុខភាពថ្លើមទើបការព្យាបាលមានប្រសិទ្ធភាពខ្ពស់។ ចំពោះជំងឺរបងស្រោមពោះវិញ ទាមទារការប្រើប្រាស់ឱសថសំរាប់ព្យាបាលជំងឺរបេងទើបមានប្រសិទ្ធភាព។

សរុបសេចក្តីមកការព្យាបាលទាចទឹក គឺទាមទារការរកមើលមូលហេតុ និងការព្យាបាលទៅលើជំងឺនេះ។ ការបូមទាចទឹកគឺជាវិធីអមវេជ្ជសាស្ត្រដែលសាមញ្ញមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺឡើយ។ ករណីអ្នកជំងឺមានទាចទឹកច្រើនហើយធ្វើឲរំខាន យើងអាចធ្វើការព្យាបាលដោយការបូមយកទឹកក្នុងបរិមាណច្រើនដើម្បីបន្ធូរបន្ថយការរំខាននេះ ដោយវាមិនបង្កគ្រោះថ្នាក់អ្វីឡើយដល់អ្នកជំងឺ ព្រោះថាការបូមនេះបានគោរពតាមក្បួនច្បាប់ត្រឹមត្រូវ ទោះបីក្នុងករណីអ្នកជំងឺក្រិនថ្លើមក៏ដោយ ដោយយើងអាចសំរួលដល់អាការៈអ្នកជំងឺវិញតាមរយៈការប្រើប្រាស់សេរ៉ូមសាច់ (Albumin) បន្ថែម។


ប្រកាសក្នុង: ថ្លើម
ការណាត់ជួប