ប្រភេទជម្ងឺ : បញ្ហាផ្សេងៗ

មុខឆាប់ក្រហមពេលពិសាគ្រឿងស្រវឹងជាសញ្ញាហានិភ័យនៃជំងឺមហារីកបំពង់អាហារ

On December 25, 2019, 9:22 pm ប្រកាសដោយ : គ្លីនិក អេគីប

ការពិសាគ្រឿងស្រវឹង សំរាប់ការជួបជុំក្នុងកម្មវិធីផ្សេងៗ ដើម្បីបង្កើនបរិយាកាសអោយសប្បាយរីករាយ បានក្លាយជាទំលាប់សំរាប់ប្រជាពលរដ្ឋទូទៅ។

ការជួបជុំកម្មវិធីសប្បាយរីករាយ គួរពិចារណាផងដែរអំពីបញ្ហាសុខភាព។ ជាក់ស្តែងការពិសាគ្រឿងស្រវឹងជាប្រចាំ ឬពិសាក្នុងបរិមាណលើសលប់ ជាកត្តាបង្កអោយមាន ការរលាកថ្លើមស្រួចស្រាវ រ៉ាំរ៉ៃ ក្រិនថ្លើម និងមហារីកថ្លើមជាដើម។ បន្ថែមពីលើនេះ វាត្រូវបានចាត់ទុកថាជាកត្តាបង្កើនហានិភ័យក្នុងជំងឺមហារីកផ្សេងៗមួយចំនួនជាពិសេស មហារីកតាមផ្លូវដង្ហើមផ្នែកខាងលើ និង ប្រព័ន្ធរំលាយអាហារ។ 

តាមរយៈការសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញនូវការរកឃើញថ្មីមួយទៀតដែលអ្នកពិសាគ្រឿងស្រវឹងគ្រប់គ្នា ក៏ដូចជាក្រុមគ្រួសារគួរយល់ដឹង។ ចំពោះបុគ្គលដែលពិសាគ្រឿងស្រវឹងហើយមុខឆាប់ឡើងក្រហមខ្លាំង មិនមែនជារឿងធម្មតានោះទេ។ យោងទៅតាមការសិក្សានានាបានបង្ហាញថាបុគ្គលទាំងនេះកង្វះនូវអង្ស៊ីមម្យ៉ាងសំរាប់បំលែងសារជាតិក្នុងគ្រឿងស្រវឹងដែលបណ្តាលអោយបុគ្គលនោះមុខឆាប់ឡើងក្រហមខ្លាំង។ បន្ថែមពីនេះ បុគ្គលទាំងនេះមានហានិភ័យនៃមហារីកក្នុងបំពង់អាហារជាងបុគ្គលធម្មតា

តាមបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសដែលមានអត្រាមហារីកបំពង់អាហារ ខ្ពស់បានកំពុងនឹងផ្សព្វផ្សាយបន្ថែមក្នុងវិស័យសុខាភិបាលដើម្បីផ្តល់ជូនជាការណែនាំអប់រំដាស់តឿន ក្នុងគោលបំណងកាត់បន្ថយការពិសាគ្រឿងស្រវឹង តាមរយៈបុគ្គលផ្ទាល់ និងតាមរយៈការដាស់តឿនពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជុំវិញខ្លួន។ 

មហារីកបំពង់អាហារជាប្រភេទ មហារីកមួយដែលជាធម្មតាមិនមានរោគសញ្ញាអ្វីមួយច្បាស់លាស់នោះទេ។ ភាគច្រើននៃអ្នកជំងឺអាចមានរោគសញ្ញាចុកឆ្អល់ចុងដង្ហើមតិចតួច តែមិនមានរោគសញ្ញាជាក់លាក់ណាមួយក្នុងមហារីកបំពង់អាហារក្នុងដំណក់កាលដំបូងនោះទេ។ អ្នកជំងឺគួរធ្វើការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្រុមអ្នកជំងឺដែលមានវិបត្តិរំលាយអាហាររ៉ាំរ៉ៃដូចជាចុកឆ្អល់ក្រហាយចុងដង្ហើម អ្នកជំងឺដែលមានរោគសញ្ញាច្រាលទឹកអាស៊ីតក្រពះជាដើម ប្រសិនបើប្រទះឃើញថាខ្លួនមានរោគសញ្ញាដូចជាពិបាកលេប លេបឈឺ ស្រកគីឡូគ្មានមូលហេតុ ក្អួតពេលបរិភោគអាហារ ស្លេកស្លាំងជាដើមទាំងអស់នេះវាអាចជាសញ្ញានៃមហារីកបំពង់អាហារ។ 

ការព្យាបាលគួរធ្វើឡើងក្នុងពេលវេលាមួយសមស្រប គឺមានន័យថាក្នុងដំណាក់កាលដំបូង។ ម្យ៉ាងវិញទៀតការការពារ ជាកត្តាចំបងសំរាប់សុខភាពរាងកាយមាំមួន។ គួរយល់ដឹងអំពីហានិភ័យផ្សេងៗដែលអាចបង្កឡើងដោយការពិសាគ្រឿងស្រវឹង។ យ៉ាងណាមិញការពិសាគ្រឿងស្រវឹងមុខឆាប់ឡើងក្រហមមិនមែនជាលក្ខណៈធម្មតានោះទេ គួរធ្វើការប្រុងប្រយ័ត្នពីសុខភាពខ្ពស់ក្នុងករណីនេះ។ គួរកាត់បន្ថយ និងបញ្ឈប់តែម្តងប្រសិនជាអាច ព្រោះថាយើងជាបុគ្គលដែលអាចមានហានិភ័យកើតមហារីកបំពង់អាហារច្រើនជាងអ្នកដ៏ទៃ។

បន្ថែមពីនេះគួរយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាព គួរជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតអោយបានឆាប់រហ័ស និងធ្វើការឆ្លុះក្រពះក្នុងករណីមានរោគសញ្ញាដូចបានរៀបរាប់ខាងលើដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យមួយទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។


ប្រកាសក្នុង: បញ្ហាផ្សេងៗ
ការណាត់ជួប