ប្រភេទជម្ងឺ : ថ្លើម

ផលប៉ះពាល់នៃការធាត់ទៅនឹងជំងឺខ្លាញ់រុំថ្លើមដែលមិនទាក់ទងនឹងការពិសាគ្រឿងស្រវឹង (Obesity and NAFLD)

On January 4, 2020, 4:51 pm ប្រកាសដោយ : គ្លីនិក អេគីប

ការលើសទំងន់ និងការធាត់ គឺជាភាពមិនប្រក្រតី ឬជាការប្រមូលផ្តុំលើសលប់នៃសារជាតិខ្លាញ់ក្នុងរាងកាយមនុស្សដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។ គេបានយល់ដឹងជាលក្ខណៈទូលំទួលាយ និងជាសកលទៅហើយអំពីផលប៉ះពាល់ឬហានិភ័យរវាងការធាត់ ទៅនឹងជំងឺមួយចំនួនរួមមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយតំរង់នោមរ៉ាំរ៉ៃ និងជំងឺមហារីកមួយចំនួនធំទៀត ដែលជំងឺទាំងអស់នេះស្ថិតក្នុងមូលហេតុឈានមុខនៃការស្លាប់នៅទូទាំងពិភពលោក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជំងឺខ្លាញ់រុំថ្លើមមិនដោយសារជាតិអាល់កុល (NAFLD) បានក្លាយជាជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលជួបប្រទះញឹកញាប់ជាងគេ និងកំពុងប៉ះពាល់ជាសកលលោក។ 

យោងតាមទិន្នន័យWHO ក្នុងឆ្នាំ២០១៤ បានចង្អុលបង្ហាញថា ការធាត់(Obesity)មានអត្រារហូតដល់ទៅ១៥% (ស្ត្រី) និង១១% (បុរស) ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ការកើនឡើងនៃចំនួនអ្នកធាត់នេះពិតជាជាប់ទាក់ទងទៅនឹងការកើនឡើងនៃជំងឺNAFLD។ អត្រានៃជំងឺនេះមានប្រមាណដល់ទៅ ២៧,៤% ក្នុងអាស៊ីប៉ាស៊ីហ្វិក។  បន្ថែមពីនេះអត្រានៃអ្នកជំងឺខ្លាញ់រុំថ្លើមនិងរលាកមិនដោយសារជាតិអាល់កុល(NASH)មានប្រមាណដល់ទៅ ៦៣,៥% ក្នុងចំនោមអ្នកជំងឺNAFLD។ ជំងឺNASHបានកំពុងក្លាយជាមូលហេតុនៃការក្រិនថ្លើម និងមហារីកថ្លើមទូទាំងពិភពលោកទាំងមូល។ អ្វីទាំងអស់នេះ ទាក់ទងទៅនិងបំរែបំរួលនៃការរស់នៅ (ភាពស្រណុកសុខស្រួលនិងការបរិភោគអាហារមិនមានតុល្យភាព កង្វះលំហាត់ប្រាណជាដើម) និងលក្ខខណ្ឌសេដ្ឋកិច្ចផងដែរ។

តើធ្វើដូចម្តេចទើបអាចកំណត់បានថាយើងកំពុងស្ថិតក្នុងក្រុមមនុស្សលើសទំងន់ និងមនុស្សធាត់ ? 

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគណនាសំរាប់បុគ្គលផ្ទាល់ក៏ដូចជាការសិក្សា គឺគេបានកំណត់យកនូវសមីការសាមញ្ញមួយគឺ

សន្ទស្សន៍ម៉ាសរាងកាយ(BMI) = ផលធៀបរវាងម៉ាសគិតជាខ្នាតគីឡូ / កំពស់គិតជាម៉ែតលើកជាស្វ័យគុណ២ ។ បន្ថែមពីនេះ មានការបកស្រាយខុសគ្នារវាងលទ្ធផលដោយផ្អែកលើពូជសាសន៍ផ្សេងគ្នាដែលជាទូទៅគេកំនត់យកខុសគ្នារវាងប្រជាជនអាស៊ី និងអឺរ៉ុប។ ចំពោះប្រទេសអាស៊ីគេកំនត់យកលទ្ធផលដូចតទៅៈ

- ស្គមឬខ្វះទំងន់ កាលណាបុគ្គលនោះមាន BMI < 18.5

- ទំងន់ធម្មតាឬស្តង់ដា កាលណាបុគ្គលនោះមាន BMI ចន្លោះ 18.5-22.9

- លើសទំងន់ កាលណាបុគ្គលនោះមាន BMI ចន្លោះ 23.0-24.9

- ធាត់កម្រិត១ កាលណាបុគ្គលនោះមាន BMI ចន្លោះ 25.0-29.9

- ធាត់កម្រិត២ កាលណាបុគ្គលនោះមាន BMI ≥ 30

ការព្យាបាលនៃការធាត់ និងជំងឺខ្លាញ់រុំថ្លើមទាមទារការសហការពីសំណាក់អ្នកជំងឺផ្ទាល់ និងក្រុមគ្រូពេទ្យ។ អ្នកជំងឺអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយក្នុងការកំនត់បានថាខ្លួនកំពុងមានទំងន់ធម្មតា លើសទំងន់ ឬឈានដល់ការធាត់។ ជាធម្មតា ជំងឺខ្លាញ់រុំថ្លើមមិនដោយសារជាតិអាល់កុលក្នុងដំណាក់កាលដំបូងពុំមានរោគសញ្ញាអ្វីទាំងអស់ ដូចនេះទាមទារប្រជាជនទូទៅធ្វើការពិនិត្យសុខភាពរាងកាយអោយបានទៀងទាត់។ ដោយឡែកការពិនិត្យសុខភាពជាប្រចាំមិនមែនសំរាប់បង្កាតែជំងឺនេះមួយមុខទេ វាអាចជួយយើងធ្វើរោគវិនិច្ឆ័យនៃជំងឺផ្សេងៗបានទាន់ពេលវេលា និងទទួលបានការព្យាបាលមួយទាន់ពេលវេលា។ 

ចំពោះការព្យាបាលជំងឺNAFLDសំខាន់ គឺការគ្រប់គ្រង់ទំងន់របស់អ្នកជំងឺដែលរួមមានការផ្លាស់ប្តូរទំលាប់នៃការរស់នៅ និងការបរិភោគអាហារ ការប្រើប្រាស់ថ្នាំជំនួយថ្លើមដើម្បីកាត់បន្ថយការកកស្ទះខ្លាញ់ក្នុងថ្លើមនិងឡើងរឹងនៃសាច់ថ្លើម និងអាចឈានដល់ការវះកាត់ក្រពះបង្រួម ពង្វាញផ្លូវអាហារជាដើមចំពោះមនុស្សធាត់ដែលបរាជ័យក្នុងការគ្រប់គ្រងអាហារ និងទំងន់។ 

 


ប្រកាសក្នុង: ថ្លើម
ការណាត់ជួប