ប្រភេទជម្ងឺ : ឫសដូងបាត

តើការឈឺចុកចាប់រន្ធបាតនិងបរិវេណរន្ធបាត ជាសញ្ញាសាមញ្ញមួយនៃជំងឺឬសដូងបាតពិតមែនឬទេ?

On March 17, 2020, 2:31 pm ប្រកាសដោយ : គ្លីនិក អេគីប

ការឈឺចាប់រន្ធបាតនិងបរិវេណរន្ធបាត គឺជារោគសញ្ញាមួយដែលជួបប្រទះញឹកញាប់ក្នុងចំណោមរោគសញ្ញាផ្សេងៗ ដែលអ្នកជំងឺត្អូញត្អែរក្នុងពេលជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ តាមរយៈបទពិសោធកន្លងមក រាល់អ្នកជំងឺទាំងអស់ដែលមកជួបពិគ្រោះលើកទីមួយតែងនិយាយប្រាប់គ្រូពេទ្យថា លោកគ្រូខ្ញុំមានជំងឺឬសដូងបាត ហើយវាកំពុងឈឺក្រហាយ ឬឈឺចាប់ខ្លាំងណាស់ ពេលខ្លះគាត់ផ្តោតលើការមានធ្លាក់ឈាមមកជាមួយ ឬស្ទាបប៉ះដុំ។

សំនួរសួរថា តើរាល់ការឈឺចាប់រន្ធបាត និងបរិវេណរន្ធបាតនេះជាសញ្ញានៃជំងឺឬសដូងបាតពិតប្រាកដឬទេ?

ជាក់ស្តែងរោគសញ្ញានេះមិនមែនសុទ្ធសឹងជាសញ្ញានៃជំងឺឬសដូងបាត​នោះទេ។ ជាធម្មតាជំងឺឬសដូងបាតមិនមានបង្កជាការឈឺចុកចាប់ខ្លាំងនោះទេ លុះត្រាតែវាបង្កជាបញ្ហាកំណកឈាមលើឬសដូងបាតក្នុងនិងក្រៅ។ ផ្ទុយទៅវិញរោគសញ្ញាមួយនេះអាចជាសញ្ញានៃជំងឺសំខាន់ៗរួមមាន ជំងឺដាច់រលាត់រន្ធគូថ ជំងឺបូសរន្ធគូថ ឬបរិវេណរន្ធគូថ បូសអន្ទង់ជាដើម។​ ទន្ទឹមនឹងនេះមានជំងឺមួយចំនួនទៀតរួមមាន៖ ដំបៅរន្ធបាតឬក្នុងថង់លាមក ជំងឺសេមាន់រន្ធបាត ជំងឺរើមឬប្រមេះទឹកបាយរន្ធបាត លានក្រសាលគូថ និងជំងឺមហារីកថង់លាមកឬរន្ធបាត និងជំងឺជាច្រើនផ្សេងៗទៀត។

ដូចនេះការឈឺចុកចាប់រន្ធបាត និងបរិវេណរន្ធបាតមិនមែនសុទ្ធសឹងជាសញ្ញានៃជំងឺឬសដូងបាតនោះទេ។ ពេលខ្លះវាអាចជាសញ្ញាអាសន្នដែលទាមទារការព្យាបាលប្រញាប់ ឧទាហរណ៍ដូចជាជំងឺបូសរន្ធបាត ឬបរិវេណរន្ធបាត ព្រោះប្រសិនបើមិនបានធ្វើការវះកាត់ចោះបង្ហូរខ្ទុះចេញទាន់ពេលវេលាក្នុងករណីដែលបូសមិនធ្លាយចេញក្រៅនោះទេ វាអាចបង្កជាការបង្កមេរោគចូលក្នុងសរសៃឈាម​ដែលអាចអោយមានគ្រោះថ្នាក់ ឬពេលខ្លះវាអាចបង្កជាការរលួយនៅនឹងរន្ធបាតនិងជុំវិញរន្ធបាតតែម្តង។ ករណីមួយចំនួនទៀតដូចជាជំងឺបូសអន្ទង់ និងជំងឺសេមាន់ជាដើមដែលទាមទារការព្យាបាលដោយវះកាត់ និងការដុត។​ ការអូសបន្លាយរយៈពេលយូរអាចជាកត្តាបង្កនូវផលវិបាករ៉ាំរ៉ៃ ធ្ងន់ធ្ងរ (ប៉ះពាល់ធ្ងន់ធ្ងរដល់សាច់ដុំកន្ត្រាក់របស់រន្ធគូថក្នុងករណីបូសអន្ទង់ស៊ីជ្រៅ) និងអាចឈានដល់មហារីកទៀតផងក្នុងករណីវិវត្តច្រើនឆ្នាំ។​

ការធ្វើរោគវិនិច្ឆ័យនៃជំងឺរន្ធបាត ទាមទារ​ការសាកសួរពីរោគសញ្ញារបស់ជំងឺ ការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយបទពិសោធ ដែលជាធម្មតាមិនសូវពឹងផ្អែកលើការពិនិត្យអមគ្លីនិកដូចជាការមើលឈាម ការឆ្លុះអេកូរ និងការថតស្កែនផ្សេងៗឡើយ។ 

ដូនេះគួរបញ្ឈប់ទំលាប់ទិញថ្នាំប្រើប្រាស់ដោយមិនបានជួបពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេសទៀតទៅ។ សូមកុំមានភាពខ្មាស់អៀន សូមកុំអូសបន្លាយរោគសញ្ញារបស់លោកអ្នក។​ ការជួបពិនិត្យពិគ្រោះយោបល់ និងការព្យាបាលអោយបានទាន់ពេលវេលាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជៀសវាងផលវិបាកផ្សេងៗ​ និងធ្ងន់ធ្ងរដល់លោកអ្នក។


ប្រកាសក្នុង: ឫសដូងបាត
ការណាត់ជួប