ប្រភេទជម្ងឺ : ថ្លើម

ការធ្វើតេស្តឈាម និង ការបង្ការជំងឺរលាកថ្លើមប្រភេទ B

On June 14, 2019, 12:00 pm ប្រកាសដោយ : គ្លីនិក អេគីប

ប្រទេសក្នុងទ្វីបអាស៊ី ត្រូវបានចំណាត់ថ្នាក់ជាប្រទេសដែលមានអត្រាឆ្លងខ្ពស់នូវមេរោគថ្លើមប្រភេទ B ។ ជាការពិតណាស់មកដល់ពេលបច្ចុប្បន្នពុំទាន់មានការរកឃើញថ្នាំសំរាប់ព្យាបាលថ្លើមប្រភេទ B អោយជាដាច់ ក្នុងរយៈពេលខ្លី និងមានប្រសិទ្ធភាពខ្ពស់នៅឡើយទេ។ យើងរំពឹងយ៉ាងមោះមុតថានឹងមានការរកឃើញថ្នាំនេះក្នុងរយៈពេលខ្លីខាងមុខ ដើម្បីអោយប្រជាជនទូទាំងសកលលោករួចផុតពីគ្រោះថ្នាក់ដែលកើតមានដោយសារជំងឺនេះ។

មេរោគរលាកថ្លើម B គឺជាឃាតករលាក់មុខ និងមានភាពកាចសាហាវ ។ វាជាមូលហេតុចំបងដែលបង្កអោយមានការរលាកថ្លើមរ៉ាំរ៉ៃ និងវិវត្តទៅជាជំងឺក្រិនថ្លើម និង ជំងឺមហារីកថ្លើម

យោងតាមទិន្នន័យ WHO វាមានអត្រាដល់ទៅ 5-7% នៃប្រជាជនទូទៅ ហើយក្នុងចំណោមអ្នកជំងឺក្រិនថ្លើម និងមហារីកថ្លើមវិញ យោងតាមការសិក្សាផ្សេងៗបង្ហាញថា ការរលាកថ្លើមBមានអត្រាប្រមាណ 40% និង55%

ការធ្វើតេស្តរកមេរោគនេះ ចាំបាច់សំរាប់មនុស្សគ្រប់រូប ព្រោះការរលាកថ្លើមក្នុងដំណាក់កាលដំបូងមិនស្តែងចេញជារោគសញ្ញាគួរអោយកត់សំគាល់ឡើយ។ 

បន្ថែមពីនេះទៀត ការធ្វើតេស្តឈាមរកមេរោគថ្លើមB មានសារៈសំខាន់សំរាប់

 រាល់អ្នកជំងឺទាំងឡាយណាដែលពុំដែលធ្វើតេស្តសុខភាព រឺអ្នកជំងឺដែលមានការរលាកថ្លើម (ការកើនឡើងនូវ Transaminase) 

 បុគ្គលដែលមានសមាជិកគ្រួសារ រស់នៅជាមួយគ្នា ហើយមានជំងឺរលាកថ្លើមប្រភេទ B

 រាល់ស្ត្រីមានគភ៌

 រាល់ទារកដែលម្តាយមានរលាកថ្លើមប្រភេទ B

 បុគ្គលិកសុខាភិបាលដែលប្រឈមមុខនឹងការប៉ះពាល់ឈាម

 អ្នកជំងឺរលាកថ្លើមប្រភេទ C

 អ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍

 រាល់អ្នកធ្វើការបរិច្ចាគឈាម ក៏ដូចជាសរីរាង្គផ្សេងៗ

 អ្នកជំងឺខ្សោយតំរងនោមដំណាក់កាលលាងឈាម

 អ្នកជំងឺទាំងឡាយណាដែលទទួលការព្យាបាលថ្នាំគីមីដោយសារជំងឺមហារីកផ្សេងៗ

វិធីសាស្រ្តក្នុងការបង្ការជំងឺរលាកថ្លើមB សំខាន់ៗ រួមមាន

• ការចាក់វ៉ាក់សាំង 

• ការប្រើស្រោមអនាម័យ 

• ចៀសវាងការប្រើប្រាស់ច្រាស់ដុសធ្មេញ និងឡាមកោរពុកមាត់រួមគ្នា

• ចៀសវាងការប្រើប្រាស់ម្ជុល ឬ សឺរុំាងរួមគ្នា

• ចៀសវាងការប៉ះពាល់របួស ឬឈាមអ្នកជំងឺ

• លាងសំអាតរបួសអោយបានស្អាត

• មិនត្រូវបរិច្ចាគឈាម សរីរាង្គក្នុងករណីអ្នកមានផ្ទុកមេរោគថ្លើមប្រភេទ B

គ្មានការបង្ការណាដែលប្រសើរជាងការចាក់វ៉ាក់សាំងនោះទេ វាជាវិធីតែមួយគត់សំរាប់ការពារខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកអោយផុតពីគ្រោះថ្នាក់នៃ ជំងឺរលាកថ្លើមប្រភេទ B។

 


ប្រកាសក្នុង: ថ្លើម
ការណាត់ជួប