ប្រភេទជម្ងឺ : ពោះវៀន

ភាពងាយស្រួលជាមួយបច្ចេកវិទ្យាថ្មីក្នុងការលាងសំអាតពោះវៀនធំ

On July 26, 2019, 12:59 am ប្រកាសដោយ : គ្លីនិក អេគីប

មហារីកពោះវៀនធំ គឺជាសុបិន្តដ៏អាក្រក់មួយរបស់ប្រជាជនគ្រប់រូប ជាពិសេសសំរាប់មនុស្សដែលមានអាយុច្រើន និងវ័យចំណាស់។

ការឆ្លុះពោះវៀនធំ គឺជាវិធីសាស្រ្តតែមួយគត់ដែលត្រូវបានប្រើប្រាស់ជាសកល សំរាប់ការធ្វើរកវិនិច្ឆ័យ ក៏ដូចជាការព្យាបាលក្នុងដំណាក់កាលដំបូងដើម្បីធ្វើការកាត់ដុំសាច់ចេញទាន់ពេលវេលាដើម្បីជៀសវាងការវះកាត់។

មកដល់សព្វថ្ងៃ ការឆ្លុះពោះវៀនធំមិនមានលក្ខណៈពិបាក ក៏ដូចជាការឈឺចាប់ទៀតឡើយ ព្រោះថាការអនុវត្តន៏ប្រចាំថ្ងៃតាមបណ្តាប្រទេសជុំវិញពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើង គឺការឆ្លុះពោះវៀនធំដោយគ្មានការឈឺចាប់ មានន័យថាអ្នកជំងឺទទួលយកការឆ្លុះពោះវៀនធំក្នុងលក្ខខណ្ឌមួយដែលស្ថិតក្នុងស្ថានភាពគេងលក់ គ្មានការប៉ះពាល់ និងការឈឺចាប់អ្វីឡើយ។ អ្នកជំងឺទាំងអស់ទទួលយកនូវការដាក់ថ្នាំសណ្តំកំរិតស្រាលបំផុត ហើយអ្នកជំងឺនឹងដឹងខ្លួនភ្លាមៗក្រោយពីការឆ្លុះពោះវៀនធំរួចរាល់ មិនមានការចាំបាច់សំរាកពេទ្យ និងអាចត្រលប់ទៅកាន់គេហដ្ឋានវិញក្នុងថ្ងៃតែមួយ។

ចំណោទបញ្ហានៅតែមានចំពោះការឆ្លុះពោះវៀនធំ ថ្វីបើការឆ្លុះនេះប្រព្រឹត្តដោយភាពងាយស្រួល និងមិនមានការឈឺចាប់ក៏ពិតមែន អ្នកជំងឺមួយចំនួនធំនៅតែមានការភិតភ័យ និងមិនហ៊ានទទួលយកការឆ្លុះពោះវៀនធំនេះ ព្រោះថាមុននឹងធ្វើការឆ្លុះពោះវៀនធំ ទាមទារអោយមានការលាងសំអាតលាមក និងកាកសំនល់ផ្សេងៗ ពីក្នុងពោះវៀនអោយអស់ទើបពោះវៀនយើងមានសភាពស្អាត ងាយស្រួលដល់គ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ក៏ដូចជារុករកដុំសាច់មហារីកក្នុងដំណាក់កាលដំបូង និងដុំសាច់ដែលមានទំហំតូចៗផងដែរ ។ 

ជាក់ស្តែងការលាងសំអាតពោះវៀនធំទាមទារការផឹកទឹកថ្នាំដែលមានបរិមាណច្រើន ក្នុងនោះមានប្រភេទថ្នាំផ្សេងៗ ហើយប្រភេទថ្នាំដែលតែងតែយកមកប្រើប្រាស់ និងទទួលស្គាល់ថាមានប្រសិទ្ធភាព និងសុវត្ថិភាពនោះគឺ ប្រភេទថ្នាំ PEG ដែលយើងតែងតែតំរូវអោយអ្នកជំងឺផឹករហូតដល់បរិមាណ៤លីត្រ។ នេះជាកត្តាមួយដែលធ្វើអោយអ្នកជំងឺមានការស្ទាក់ស្ទើរ និងមិនហ៊ានទទួលយកការឆ្លុះពោះវៀនធំ ព្រោះថាបរិមាណទឹកថ្នាំនេះមានចំនួនច្រើន។ ករណីខ្លះទៀតអ្នកជំងឺមានការពិបាកក្នុងការផឹកទឹកថ្នាំ និងការផឹកមិនបានត្រឹមត្រូវតាមការណែនាំ រឺមានការក្អួតចង្អោរគួបផ្សំជាមួយនឹងការបត់ជើងធំជាច្រើនដង ទាំងនេះសុទ្ធសឹងជាកត្តាដែលធ្វើអោយអ្នកជំងឺមួយចំនួនបានបោះបង់ការផឹកទឹកថ្នាំ រឺការលាងសំអាតពោះវៀនធំមិនបានគ្រប់គ្រាន់ ដែលធ្វើអោយពិបាកក្នុងការធ្វើរោគវិនិច្ឆ័យបានល្អ។

ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកជំងឺ ក៏ដូចជាជំរុញអោយអ្នកជំងឺព្រមទទួលយកការឆ្លុះពោះវៀនធំដោយគ្មានការភិតភ័យនោះ ក្នុងបណ្តាប្រទេសមួយចំនួនក៏ដូចជាសហរដ្ឋអាមេរិក បាននឹងកំពុងដំនើរការនូវបច្ចេកវិទ្យាលាងសំអាតពោះវៀនធំដោយពុំចាំបាច់ផឹកទឹកថ្នាំ ហើយទទួលបាននូវប្រសិទ្ធភាពដូចទៅនឹងការផឹកទឹកថ្នាំចំនួន៤លីត្រ។ វាត្រូវបានទទួលស្គាល់ថា មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានផលប៉ះពាល់អ្វីឡើយ។ លើសពីនេះទៅទៀតការលាងសំអាតពោះវៀនធំដោយបច្ចេកវិជ្ជាថ្មីនេះ ដើម្បីអោយការលាងសំអាតនេះបានស្អាតល្អ យើងអនុវត្តការលាងសំអាតជាពីរដំណាក់កាលជាប់គ្នា ដែលប្រើប្រាស់រយៈពេលរួមសរុបទាំងអស់មិនដល់១ម៉ោងកន្លះ។


ប្រកាសក្នុង: ពោះវៀន
ការណាត់ជួប