ប្រភេទជម្ងឺ : ក្រពះ

ការឈឺចុកឆ្អល់ក្នុងពោះអាចមិនមែនជាការឈឺក្រពះពោះវៀនធម្មតា

On August 8, 2019, 10:16 pm ប្រកាសដោយ : គ្លីនិក អេគីប

ការឈឺពោះ គឺជាបញ្ហាមួយដែលជួបប្រទះក្នុងការអនុវត្តន៍ជាក់ស្តែងប្រចាំថ្ងៃរបស់វេជ្ជបណ្ឌិតទូទៅ និងឯកទេស។ វាអាចជាបញ្ហាសាមញ្ញមួយ រឺអាចជាបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់អាយុជីវិត ហើយមូលហេតុនៃការឈឺពោះនេះបណ្តាលមកពីជំងឺជាច្រើនផ្សេងៗ។ តួលេខតាមបណ្តាប្រទេសផ្សេងបានបង្ហាញថា សឹងតែ ៥០% នៃមនុស្សពេញវ័យធ្លាប់មានបទពិសោធន៍ពីការឈឺចុកចាប់ក្នុងពោះនេះ ហើយប្រមាណ ៥-១០% នៃអ្នកជំងឺបានទៅជួបពិគ្រោះក្នុងផ្នែកសង្គ្រោះបន្ទាន់។

ជាទូទៅ ការឈឺពោះត្រូវបានបែងចែកជាពីរប្រភេទ គឺការឈឺចាប់ស្រួចស្រាវ និងការឈឺចាប់រ៉ាំរ៉ៃការឈឺចាប់ស្រួចស្រាវ គឺកំណត់យកការឈឺចាប់ណាដែលមានរយៈពេលតិចជាង៧ថ្ងៃ រីឯការឈឺចាប់រ៉ាំរ៉ៃគឺសំដៅលើការឈឺចាប់ម្តងម្កាល ឬជាប់លាប់ក្នុងរយៈពេល២ខែ។

ការឈឺចាប់ស្រួចស្រាវ ភាគច្រើនទាមទារការពិនិត្យ និងរោគវិនិច្ឆ័យអមគ្លីនិកភ្លាមៗ។ ការជួបពិគ្រោះក្នុងករណីឈឺពោះស្រួចស្រាវនេះទាមទារការពិនិត្យយកសញ្ញាជីវិត និងរោគសញ្ញាគ្រោះថ្នាក់ដូចជាការសង្ស័យស្ទះពោះវៀន និងរលាកស្រោមពោះជាដើម ។ អ្នកជំងឺមួយចំនួនទាមទារថ្នាំបំបាត់ការឈឺចាប់ តែចាំបាច់តំរូវអោយមានការយកចិត្តទុកដាក់ជៀសវាងប៉ះពាល់ដល់ការធ្វើរោគវិនិច្ឆ័យ។ 

ការធ្វើរោគវិនិច្ឆ័យរួមមានការសាកសួរអោយបានលម្អិតជុំវិញរឿងរ៉ាវនៃការឈឺពោះ ប្រវត្តិជំងឺ ការប្រើប្រាស់ថ្នាំជាប្រចាំ ប្រភេទនិងកម្រិតនៃការឈឺ ខណៈពេលនិងរយៈពេលលេចចេញរោគសញ្ញា ស្ថានការណ៍លេចឡើងរោគសញ្ញា។ លើសពីនេះទៅទៀតទាមទារការសាកសួររកមើលរោគសញ្ញាបន្ទាប់បន្សំដែលក្នុងនោះរួមមាន ក្តៅខ្លួន ក្អួតចង្អោរ ទល់ខ្យល់ ទល់លាមក រឺស្ទះខ្យល់លាមកតែម្តង

ជាក់ស្តែងក្នុងប្រទេសកម្ពុជាយើង មានការសិក្សាមួយដែលធ្វើឡើងដោយកញ្ញាវេជ្ជបណ្ឌិត ថាវ ស៊ីដានីន តាមការសិក្សារបស់គាត់បានបង្ហាញថា មានអ្នកជំងឺដល់ទៅ ៧.៥៧% ដែលមានអាការឈឺពោះស្រួចស្រាវ នៃចំនួនអ្នកជំងឺសរុបទាំងអស់ ២៤ ៨៦៣ នាក់ ដែលបានចូលពិគ្រោះនៅផ្នែកសង្គ្រោះបន្ទាន់ក្នុងរយៈពេល១ឆ្នាំ។ យោងតាមទិន្នន័យបានបង្ហាញមូលហេតុចំបងរួមមាន ការរលាកខ្នែងពោះវៀន ការស្ទះពោះវៀនស្រួចស្រាវ ការពុលអាហារ ការចុកតំរង់នោម រលាកថង់ទឹកប្រម៉ាត់ រលាកស្រោមពោះ កូនក្រៅស្បូន រលាកលំពែងស្រួចស្រាវ និងមានមូលហេតុផ្សេងៗជាច្រើនទៀត

ក្នុងសង្គមបច្ចុប្បន្ន ការយល់ដឹង និងផ្នត់គំនិតទូទៅរបស់ប្រជាជននៅមានកម្រិត ភាគច្រើននៃអ្នកជំងឺតែងតែយល់ឃើញ សន្មត់ និងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងរាល់ពេលដែលមានអាការឈឺចុក រឺ ឆ្អល់ក្នុងពោះថាជារោគសញ្ញាឈឺក្រពះពោះវៀនធម្មតា បន្ថែមពីនេះទៅទៀតអ្នកជំងឺមួយចំនួនធំបានទៅទិញថ្នាំផឹកដោយខ្លួនឯងដោយមិនបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យត្រឹមត្រូវនោះទេ។ ដោយសារការយល់ខុសនេះហើយ ធ្វើអោយអ្នកជំងឺមួយចំនួនធំអូសបន្លាយរ៉ាំរ៉ៃ ឬបាត់បង់នូវឱកាសក្នុងការជាសះស្បើយពីជំងឺទាន់ពេលវេលា ព្រោះថាមូលហេតុនៃការឈឺពោះស្រួចស្រាវខ្លះទាមទារការវះកាត់បន្ទាន់ដើម្បីទទួលបានការជាសះស្បើយ និងរួចផុតពីគ្រោះថ្នាក់។

ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធ្វើរោគវិនិច្ឆ័យមួយដែលត្រឹមត្រូវ និងទទួលបានការព្យាបាលមួយទាន់ពេលវេលា។


ប្រកាសក្នុង: ក្រពះ
ការណាត់ជួប