ប្រភេទជម្ងឺ : បូសអន្ទង់

ពត៌មានសំរាប់អ្នកជំងឺគួរយល់ដឹងពីការវះកាត់ព្យាបាលបូសអន្ទង់

On August 23, 2019, 5:42 pm ប្រកាសដោយ : គ្លីនិក អេគីប

បូសអន្ទង់ គឺជាការបង្ករោគទៅលើក្រពេញនៅនឹងរន្ធបាត ក្រោមរូបភាពជាបូសនៅជុំវិញរន្ធបាត ឬជាបូសបែកមានរន្ធហូរចេញតាមស្បែកផ្នែកខាងក្រៅ ឬតាមរន្ធបូសផ្នែកខាងក្នុងរន្ធគូទ ។ ជាក់ស្តែងការវះកាត់គឺជាវិធីសាស្ត្រតែមួយគត់ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់លើសពី៩០% ដែលមិនមានការលាប់ឡើងវិញរយៈពេលយូរនៃជំងឺ។ មានវិធីផ្សេងសំរាប់បិទរន្ធបូសអន្ទង់នេះដែរ តែលទ្ធផលទទួលបានប្រហាក់ប្រហែល៥០%ប៉ុណ្ណោះដែលមិនត្រូវបានយកមកអនុវត្តប្រចាំថ្ងៃឡើយ។

តើការវះកាត់ប្រព្រឹត្តទៅដោយវិធីយ៉ាងដូចម្តេច?

ការវះកាត់បូសអន្ទង់ត្រូវបានប្រព្រឹត្តទៅក្នុងបន្ទប់វះកាត់ ហើយទាមទារនូវឧបករណ៍ និងបរិក្ខារពេទ្យដែលចាំបាច់សំរាប់ដំណើរការវះកាត់។ ការវះកាត់នេះក៏ដូចជាការវះកាត់ផ្សេងៗនៅនឹងផ្នែករន្ធបាតដែរ ជាទូទៅគឺមិនមានការទាមទារដាក់ថ្នាំសណ្តំពេញទាំងរាងកាយនោះទេ គ្រាន់តែប្រើប្រាស់ប្រភេទថ្នាំស្ពឹកពាក់កណ្តាលចង្កេះចុះក្រោម ក្រោយការវះកាត់រួចអ្នកជំងឺអាចទទួលទានអាហារបានធម្មតាវិញក្នុងរយៈពេល៤ម៉ោង។ ការវះកាត់ប្រព្រឹត្តទៅក្នុងលក្ខខណ្ឌមួយសុវត្ថិភាព គ្មានការឈឺចុកចាប់ឡើយ យើងប្រើប្រាស់វិធីសាស្ត្រវះកាត់បង្ហូរខ្ទុះ រួមផ្សំជាមួយការរកអោយឃើញនូវផ្លូវរបស់វា មានន័យថារករន្ធផ្នែកខាងក្នុងរន្ធគូទ ដើម្បីធ្វើការវះបើកចំហរចេញក្រៅ។ ការវះកាត់ប្រព្រឹត្តទៅដោយមានភាពជំនាញ និងម៉ត់ចត់ ជៀសវាងផលវិបាកដែលអាចកើតមានចំពោះអ្នកជំងឺ។ ក្នុងករណីដែលបូសអន្ទង់នេះស៊ីចូលជ្រៅប៉ះដល់សាច់ដុំកន្ត្រាក់នៅនឹងក្រសាលគូទនោះអ្នកជំងឺអាចនឹងជួបផលវិបាកនៅថ្ងៃក្រោយទាក់ទងទៅនឹងការពិបាកគ្រប់គ្រងការបន្ទោរបង់ (លេចលាមក) ដូចនេះហើយក្នុងករណីមួយចំនួនទាមទារតំរូវអោយការវះកាត់ប្រព្រឹត្តទៅជាដំណាក់កាល២ឬ៣ដង ក្នុងគោលបំណងបញ្ចៀស ឬបន្ថយអោយទាបបំផុតនូវផលវិបាកដែលអាចកើតមានឡើងពីការប៉ះពាល់ទៅលើសាច់ដុំកន្ត្រាក់នៅរន្ធបាត។ 

ការយល់ដឹង និងការថែទាំក្រោយការវះកាត់

វាជាការវះកាត់ដែលតំរូវអោយសំរាកពេទ្យក្នុងរយៈពេលខ្លី ជាទូទៅអ្នកជំងឺអាចត្រលប់ទៅផ្ទះបានក្នុងថ្ងៃបន្ទាប់ពីការវះកាត់។ ការអនុវត្តន៍ជាក់ស្តែងប្រចាំថ្ងៃ ក្នុងថ្ងៃបន្ទាប់ពីការវះកាត់ គ្រូពេទ្យនឹងចូលមកធ្វើការលាងសំអាតរបួសជូនដល់អ្នកជំងឺ និងពន្យល់អំពីវិធីសាស្ត្រដើម្បីថែទាំរបួសអោយបានឆាប់ជាដល់អ្នកជំងឺ និងអ្នកកំដរ។ អ្នកជំងឺអាចបន្តការថែទាំលាងសំអាតរបួសនៅផ្ទះបានដោយអ្នកជំងឺផ្ទាល់ ឬអ្នកកំដរ។  អ្នកជំងឺត្រូវគោរពតាមការណាត់ជួបរបស់គ្រូពេទ្យ ទៅតាមថ្ងៃកំណត់បន្តបន្ទាប់ដើម្បីតាមដានការជាសះស្បើយរបស់មុខរបួស។ 

ការរំខានមានដូចជាការឈឺចាប់លើមុខរបួសដែលតំរូវចាំបាច់ការលេបថ្នាំបំបាត់ការឈឺចាប់អោយបានទៀងទាត់ និងការហៀរទឹករងៃចេញពីរបួសដែលទាមទារការសំអាត និងសំរាកថែទាំនៅផ្ទះក្នុងរយៈពេលប្រមាណ២សប្តាហ៍។ ជាទូទៅរបួសនឹងជាសះស្បើយធម្មតាក្នុងរយៈពេលជាមធ្យម៥ទៅ៨សប្តាហ៍។ 

ចំពោះអ្នកជំងឺដែលតំរូវចាំបាច់ការវះកាត់លើកទី២ នោះគំលាតនៃរយៈពេលយ៉ាងតិច២ខែពីការវះលើកទីមួយ។

ផលវិបាកដែលអាចកើតមានភ្លាមៗ និងរយៈពេលយូរ

អ្នកជំងឺក្រោយការវះកាត់ អាចប្រឈមមុខនឹងការឈឺចាប់ តែមិនជាចំណោតបញ្ហានោះទេ យើងអាចទប់ស្កាត់ការឈឺចាប់តាមរយៈការលេបថ្នាំបំបាត់ការឈឺចាប់អោយទៀងទាត់។ 

ការធ្លាក់ឈាមគឺជាផលវិបាកក្រោយការវះកាត់មួយដែលកម្រតែវាអាចកើតមាន ហើយពេលខ្លះតំរូវដល់ការឃាត់ឈាមជាចាំបាច់ ដូចនេះហើយបានជាក្រោយការវះកាត់ទាមទារអោយអ្នកជំងឺសំរាកអោយបានច្រើន និងជៀសវាងការធ្វើដំនើរឆ្ងាយ។ 

បញ្ហាពិបាកបត់ជើងតូចរយៈពេលខ្លីគឺវាកម្រនឹងកើតមានណាស់។ ប៉ុន្តែអ្នកជំងឺអាចប្រឈមមុខនឹងការទល់លាមកដែលទាមទារការប្រើប្រាស់ថ្នាំបន្ទន់លាមក។ 

បញ្ហាបង្ករោគនៅនឹងស្នាមវះអាចកើតមានឡើងក្នុងករណីកម្រ (តិចជាង២%) ដូចនេះហើយទាមទារការលាងសំអាត និងប្រកាន់ខ្ជាប់នូវអនាម័យ។

ចំពោះផលវិបាករយៈពេលយូរ គឺបញ្ហាខ្សោយការគ្រប់គ្រង់ក្នុងការបន្ទោរបង់ (លេចលាមក) ដូចបានរៀបរាប់ខាងលើទាក់ទងនឹងការស៊ីជ្រៅនៃបូសអន្ទង់ យើងព្យាយាមកាត់បន្ថយវាអោយទាបបំផុតតាមរយៈការវះកាត់ជាដំណាក់កាល ២ឬ៣ដង។ ផលវិបាកផ្សេងៗមួយចំនួនទៀតទាក់ទងទៅនឹងសោភ័ណភាពគឺការដុះសាច់ឡើងប៉ោងយារ មិនស្មើ និងសម្លាកស្នាមជាដើម។ 


ប្រកាសក្នុង: បូសអន្ទង់
ការណាត់ជួប