ប្រភេទជម្ងឺ : បញ្ហាផ្សេងៗ

តើការឈឺចាប់តំបន់រន្ធបាតបណ្ដាលមកពីជំងឺអ្វីខ្លះ?

On September 20, 2019, 5:41 pm ប្រកាសដោយ : គ្លីនិក អេគីប

ការឈឺចាប់តំបន់រន្ធបាត គឺជារោគសញ្ញាចំបងមួយដែលធ្វើឲ្យអ្នកជំងឺមកជួបពិគ្រោះយោបល់ ជាពិសេសជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែក ក្រពះពោះវៀនថ្លើម និងឫសដូងបាត។ មកដល់បច្ចុប្បន្ននេះការយល់ឃើញ និងផ្នត់គំនិតរបស់អ្នកជំងឺគឺ រាល់បញ្ហាការឈឺចាប់រន្ធបាតសុទ្ធតែជាជំងឺឫសដូងបាតទាំងអស់។ ជាក់ស្តែងក្រៅអំពីជំងឺឫសដូងបាតនៅមានមូលហេតុជាច្រើនផ្សេងទៀត។ អត្ថបទនេះជាសារខ្លីៗសំរាប់ជូនបងប្អូនប្រជាពលរដ្ឋអោយបានយល់ច្បាស់ ក្នុងគោលបំណងលុបបំបាត់ចោលការយល់ខុស និងការទទួលការព្យាបាលមួយដែលមិនមានរោគវិនិច្ឆ័យមួយច្បាស់លាស់។ ដូចនេះយើងនឹងស្វែងយល់ជាសង្ខេបអំពីជំងឺនីមួយៗ ដែលធ្វើឲ្យមានការឈឺចាប់នេះ។

1- ការដាច់រលាត់នៃទ្វាលាមក (anal fissure) 

វាគឺជាការមានរបួសនៅត្រង់ទ្វាលាមកដែលជាទូទៅបណ្ដាលមកពីលាមករឹងឬរាគខ្លាំងពេក។ រោគសញ្ញាមាន ឈឺខ្លាំងពេលបន្ទោបង់ និងអាចធ្លាក់ឈាមក្រហមស្រស់។ ការព្យាបាលមានដូចជា ថ្នាំលេប ថ្នាំលាបសំរាប់ការរលាត់ដាច់ថ្មីៗ និង អាចឈានដល់ការវះកាត់សំរាប់ការរលាត់ដាច់រ៉ាំរ៉ៃ។

2- បូស (peri-anal abscess) 

បូសគឺជាការករខ្ទុះដែលបង្កឲ្យមានការឈឺចាប់ខ្លាំង ហើយភាគច្រើនគឺជាបូសអន្ទង់។ បូសដែលកើតមាននៅតំបន់នេះមាន២ទំរង់ គឺបូសខាងក្រៅ និងបូសខាងក្នុងរន្ធបាត។ រោគសញ្ញាមាន ហើមឈឺចាប់ខ្លាំងគ្មានពេលស្រាកស្រាន្ត និងពេលខ្លះមានហូរខ្ទុះ។ ការព្យាបាលដោយថ្នាំគឺមិនមានប្រសិទ្ធភាពនោះទេ មានតែការវះកាត់ប៉ុណ្ណោះដែលអាចព្យាបាលជម្ងឺនេះបាន។

3- កំណកឈាមឫសដូងបាត (hemorrhoid thrombosis) 

កំណកឈាមឫសដូងបាតជាជំងឺឫសដូងបាតស្រួចស្រាវ ដែលអាចមានមួយឬច្រើនជុំវិញរន្ធបាតក្នុងពេលតែមួយ។ រោគសញ្ញារបស់វាស្រដៀងទៅនឹងរោគសញ្ញារបស់បូសដែរគឺមាន ហើមឈឺចាប់គ្មានពេលស្រាកស្រាន្ត និងពេលខ្លះមានហូរឈាម។ ការព្យាបាលមានថ្នាំលាប ថ្នាំលេប និងអាចឈានដល់ការវះកាត់ក្នុងករណីមិនធូរស្រាលក្រោយប្រើថ្នាំ។

4- ជម្ងឺកាមរោគ

ក្រៅពីប្រដាប់ភេទជំងឺកាមរោគក៏អាចកើតមាននៅតំបន់បាតផងដែរ។ បុរសដែលរួមដំណេកជាមួយគ្នាគឺជាក្រុមមនុស្សដែលប្រឈមខ្ពស់នឹងការកើតមានជំងឺទាំងនេះ ប៉ុន្តែស្រីក៏អាចកើតមានជំងឺទាំងនេះដែរ។ ជំងឺទាំងនេះមានដូចជាសេមាន់ ស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា ។ល។ រោគសញ្ញាមានដូចជា លាមកមានឈាមនិងរំអិល មានដុំពក ឈឺក្រហាយ មានដំបៅពងបែក រមាស់នៅបាត។ ការព្យាបាល ចំពោះជំងឺសេមាន់តំរូវឲ្យអុចឬកាត់ដុំសេមាន់ដោយឧបករណ៍ពិសេសនិងតាមដាន។ ការព្យាបាលជំងឺកាមរោគគឺគ្រាន់តែប្រើថ្នាំលេប ឬថ្នាំចាក់តែប៉ុណ្ណោះ។

5- ការរលាកចុងពោះវៀនធំ (proctitis) 

ការរលាកនេះបណ្ដាលមកពីមេរោគផ្សេងៗ ដែលរោគសញ្ញាមានដូចជាឈឺអួលនៅក្នុងរន្ធបាត រាគមានឈាមនិងរំអិល ពេលខ្លះអាចមានក្ដៅខ្លួនអមមកជាមួយ។ ការព្យាបាលគឺថ្នាំលេប ឬថ្នាំចាក់។

6- ដំបៅចុងពោះវៀនធំ (solitary rectal ulcer syndrome)

ជំងឺនេះកើតមានលើអ្នកដែលតែងតែមានលាមករឹងខ្លាំងដែលធ្វើឲ្យកកិតជាមួយនឹងភ្នាសចុងពោះវៀនរ៉ាំរ៉ៃ។ រោគសញ្ញាមានដូចជាឈឺអួលនៅក្នុងរន្ធបាត លាមកមានឈាមនិងរំអិល។ ការព្យាបាលចាប់ផ្ដើមដោយថ្នាំលេប ឬអាចឈានដល់ការវះកាត់ក្នុងករណីធ្ងន់ធ្ងរ។

7- ការរលាកឬដំបៅដែលបណ្ដាលមកពីការលាបផលិតផល

ឧទាហរណ៍ដូចជាការលាបផលិតផលផ្ដេសផ្ដាសដើម្បីព្យាបាលឫសដូងបាតដោយមិនមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ដែលបណ្ដាលឲ្យមានការរលាក ដំបៅ រលួយ។ ការព្យាបាល ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលនោះ រួចលាបក្រែម និងប្រើថ្នាំលេប។

8- ជំងឺសើរស្បែកមានដូចជា តាអក ផ្សិត ។ល។ 

9- ជំងឺគាបសរសៃ (Pudendal nevralgia)

ជំងឺនេះបណ្ដាលមកពីការប៉ះពាល់ទៅលើសរសៃវិញ្ញាណដែលនៅតំបន់រន្ធបាត។ ការឈឺចាប់មានលក្ខណៈរ៉ាំរ៉ៃនិងមិនមានទីតាំងច្បាស់លាស់។ ការឈឺចាប់កើនឡើងនៅពេលអង្គុយ និងបានធូរស្បើយនៅពេលក្រោកឈរ។

10- បញ្ហាសាច់ដុំ (elevator ani syndrome or fugax proctalgia) 

ការឈឺចាប់នេះបណ្ដាលមកពីការកន្ត្រាក់គាំងនៃសាច់ដុំទម្រនៅតំបន់អាងត្រគាក (elevator muscle spasm) ។ បញ្ហានេះច្រើនកើតលើអ្នកជំងឺស្ត្រេស។ ការឈឺចាប់មានលក្ខណៈអួលណែន រ៉ាំរ៉ៃ មិនមានទីតាំងច្បាស់លាស់ និងកើតមាននៅពេលអ្នកជំងឺមានវិបត្តិស្ត្រេស។ ការឈឺចាប់អាចមានត្រឹមតែ 2-3 វិនាទី (fugax proctalgia) ឬយូរជាងនេះ (elevator ani syndrome)។ ជំងឺនេះកម្រនឹងព្យាបាលឲ្យបានជាដាច់ណាស់ ដោយសារមូលហេតុពិតប្រាកដនៃជំងឺគឺវិបត្តិស្ត្រេស ក៏ប៉ុន្តែយើងអាចប្រើថ្នាំលេបជួយបាន។ 

11- ជំងឺមហារីកបាត

នេះជាជំងឺដែលកាចសាហាវដែលគួរតែមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការពិនិត្យនិងធ្វើរោគវិច្ឆ័យឲ្យបានទាន់ពេលវេលា។ រោគសញ្ញាមានដូចជា ពិបាកបន្ទោបង់ លាមកមានឈាម មានដុំសាច់ ស្រកគីឡូគួរឲ្យកត់សំគាល់ ស្លេកស្លាំង ។ល។

12- រលាកសន្លាក់កញ្ចូញគូទ (Coccydynia): ជាការរលាកសន្លាក់នៃឆ្អឹងចុងរបស់អាងត្រគាក ដែលជាទូទៅបណ្ដាលមកពីការរងទង្គិចតិចៗរ៉ាំរ៉ៃ (chronic micro-traumatism)។ 

សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំពីការឈឺរន្ធបាតនេះថាជាជំងឺឫសដូងបាតគ្រប់ពេលវេលាទៀតឡើយ ការឈឺរន្ធបាតវាអាចជាជំងឺណាមួយដូចដែលបានរៀបរាប់ក្នុងអត្ថបទខាងលើ។

 

 


ប្រកាសក្នុង: បញ្ហាផ្សេងៗ
ការណាត់ជួប