ប្រភេទជម្ងឺ : បញ្ហាផ្សេងៗ

ការឈឺចុកចាប់ចុងដង្ហើមអាចជារោគសញ្ញានៃជំងឺក្រួសថង់ទឹកប្រម៉ាត់

On October 5, 2019, 11:44 pm ប្រកាសដោយ : គ្លីនិក អេគីប

មកដល់បច្ចុប្បន្ន រាល់ការឈឺចុកចាប់ចុងដង្ហើមត្រូវបានយល់ថាជាការចុកឆ្អល់ក្រពះធម្មតា ព្រោះថាបញ្ហាក្រពះតែងកើតមានលើមនុស្សគ្រប់គ្នា ហើយការឈឺចុកចាប់នេះវាតែងតែកើតមានជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ ។ ជាក់ស្តែងវាអាចជារោគសញ្ញានៃជំងឺផ្សេងៗមួយចំនួនក្រៅពីបញ្ហាក្រពះ ដូចជាជំងឺក្រួសថង់ទឹកប្រម៉ាត់ ជំងឺលំពែង។ល។ អត្ថបទនេះសូមលើកយកជំងឺក្រួសទឹកប្រម៉ាត់មួយមកបកស្រាយ ព្រោះថាវាកើតមានញឹកញាប់ផងដែរ ដែលពេលខ្លះអាចជាមូលហេតុនៃការចូលសំរាកពេទ្យក្នុងករណីវាស្តែងចេញជារោគសញ្ញា និងផលវិបាក។

ជំងឺក្រួសថង់ទឹកប្រម៉ាត់ គឺជាការមានវត្តមានរបស់គ្រាប់ក្រួសក្នុងថង់ទឹកប្រម៉ាត់ ដែលវាកកើតពីការកកផ្តុំនៃសារជាតិខ្លាញ់ កាល់ស្យូម និងទឹកប្រមាត់ជាដើម។

អត្រានៃជំងឺនេះមានការកើនឡើងទៅលើក្រុមមនុស្សទាំងពីរភេទដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ។ ទន្ទឹមនឹងនេះមានកត្តាចូលរួមផ្សំមួយចំនួនទៀតបន្ថែមពីលើកត្តាអាយុ ក្នុងនោះរួមមានភេទស្រី ស្ត្រីមានគភ៌ អ្នកជំងឺទឹកនោមផ្អែម ជំងឺធាត់ ការស្រកគីឡូភ្លាមៗ ការចុះខ្សោយនៃចលនាកន្ត្រាក់របស់ថង់ទឹកប្រម៉ាត់ និងការប្រើប្រាស់ថ្នាំមួយចំនួន ព្រមទាំងកត្តាតំណពូជផងដែរ។ បន្ថែមពីនេះសំរាប់អ្នកជំងឺក្រិនថ្លើម អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ឬអ្នកជំងឺដែលកាត់ពោះវៀនតូច និងអ្នកជំងឺផ្សេងៗដែលមានចាល់ទឹកប្រម៉ាត់ក្នុងឈាមសុទ្ធសឹងជាកត្តាបង្កជំងឺក្រួសទឹកប្រម៉ាត់ទាំងអស់។

ជាទូទៅជំងឺក្រួសទឹកប្រម៉ាត់វាអាចមិនមានរោគសញ្ញាអ្វីឡើយ ដែលមានត្រឹម ១៥ទៅ២៥% នៃអ្នកជំងឺអាចវិវត្តចេញជារោគសញ្ញាក្នុងការតាមដានរយៈពេល១០ទៅ១៥ឆ្នាំ។ រោគសញ្ញាដែលគួរនឹកដល់ការឈឺចាប់ចុងដង្ហើមនេះថាជាជំងឺក្រួសទឹកប្រម៉ាត់រួមមាន ការឈឺចុកចាប់ខ្លាំង ផ្នែកពោះក្រោមឆ្អឹងជំនីខាងស្តាំ ឬចុងដង្ហើម វាមានលក្ខណៈចាក់ទៅខ្នង ជាពិសេសស្មាស្តាំ។ ការឈឺចាប់តែងរួមផ្សំជាមួយការបែកញើស ចង្អោរ និងក្អួត។ អ្នកជំងឺតែងត្អូញត្អែរថាការឈឺចាប់កើតមានក្រោយការបរិភោគអាហារ ជាពិសេសអាហារខ្លាញ់ ទន្ទឹមនឹងនេះការឈឺចាប់មានរយៈពេលដល់ទៅ៣០នាទី ហើយកម្រិតរបស់វាឡើងចុះក្នុងរយៈពេល១ម៉ោង ដែលជាធម្មតាការឈឺចាប់មានរយៈពេលតិចជាង៦ម៉ោង។ ពេលខ្លះអ្នកជំងឺអាចមានរោគសញ្ញាមិនច្បាស់លាស់ដែលបណ្តាលអោយការធ្វើរោគវិនិច្ឆ័យមានលក្ខណៈពិបាក រោគសញ្ញាទាំងនេះរួមមានៈ ការភើ ការតឹងណែនក្រោយបរិភោគអាហារ ក្អែរ ហើមពោះ ឆ្អល់ឬក្រហាយចុងដង្ហើម ចង្អោរ ឬក្អួត ការឈឺដើមទ្រូង ឬការឈឺពោះមិនច្បាស់លាស់។

ការវិវត្តន៍របស់ជំងឺក្រួសទឹកប្រម៉ាត់ អាចអោយមានផលវិបាកមួយចំនួនដូចជា ការរលាកថង់ទឹកប្រម៉ាត់ស្រួចស្រាវ ការស្ទះផ្លូវហូរទឹកប្រម៉ាត់អាចអមជាមួយការរលាកផ្លូវទឹកប្រម៉ាត់ និងការរលាកលំពែងដោយក្រួសប្រម៉ាត់ជាដើម។ ផលវិបាកដែលកម្រមួយចំនួនទៀតរួមមានមហារីកថង់ទឹកប្រម៉ាត់ជាដើម។

ការធ្វើរោគវិនិច្ឆ័យនៃជំងឺក្រួសថង់ទឹកប្រម៉ាត់ ចំពោះជំងឺដែលមិនមានផលវិបាកអាចធ្វើឡើងក្នុងករណីអ្នកជំងឺដែលមានរោគសញ្ញាការឈឺចាប់ថង់ទឹកប្រម៉ាត់ដូចបានរៀបខាងលើ រួមផ្សំជាមួយការឆ្លុះអេកូរពោះសំរាប់រកវត្តមានរបស់គ្រាប់ក្រួសក្នុងថង់ទឹកប្រម៉ាត់ ដែលជាទូទៅការពិនិត្យវេជ្ជសាស្ត្រ និងលទ្ធផលឈាមសុទ្ធតែមានសភាពធម្មតា។

ការព្យាបាលជំងឺក្រួសទឹកប្រម៉ាត់ វាអាស្រ័យទៅលើរោគសញ្ញា ព្រោះភាគច្រើននៃអ្នកជំងឺអាចនឹងមានក្រួសក្នុងថង់ទឹកប្រម៉ាត់ដោយពុំមានលេចចេញជារោគសញ្ញាអ្វីឡើយ។ ការព្យាបាលគឺការវះកាត់ថង់ទឹកប្រម៉ាត់ចេញតែម្តង ដែលជាទូទៅមិនមានការកាត់ថង់ទឹកប្រម៉ាត់ចោលដើម្បីការពារជាមុនក្នុងករណីអ្នកជំងឺមានក្រួសក្នុងថង់ទឹកប្រម៉ាត់ហើយពុំមានរោគសញ្ញានោះទេ។ ការវះកាត់យកថង់ទឹកប្រម៉ាត់ចេញ ធ្វើឡើងចំពោះអ្នកជំងឺដែលមានរោគសញ្ញាឈឺចាប់ថង់ទឹកប្រម៉ាត់ ឬធ្លាប់លេចចេញជាផលវិបាកផ្សេងៗដូចបានរៀបរាប់ខាងលើ។ បន្ថែមពីនេះទៀត ការវះកាត់ត្រូវធ្វើឡើងចំពោះអ្នកជំងឺក្រួសថង់ទឹកប្រម៉ាត់ដែលប្រឈមមុខនឹងមហារីក ក៏ដូចជាអ្នកជំងឺដែលមានជំងឺបែកគ្រាប់ឈាមផងដែរ។ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនច្បាស់លាស់ ទាមទារការវាយតម្លៃអោយច្បាស់លាស់មុននឹងធ្វើការព្យាបាលដោយវះកាត់យកថង់ទឹកប្រម៉ាត់ចេញ ។ អ្នកជំងឺទាំងនេះត្រូវទទួលការវាយតម្លៃថារោគសញ្ញាទាំងនេះមានទំនាក់ទំនងដែលឬទេទៅនឹងក្រួសថង់ទឹកប្រម៉ាត់ ការវះកាត់យកថង់ទឹកប្រម៉ាត់ចេញក្នុងករណីដែលថាវាមិនមានមូលហេតុផ្សេងដែលបណ្តាលអោយមានរោគសញ្ញាមិនច្បាស់លាស់ដូចបានរៀបរាប់ខាងលើ ឬចំពោះអ្នកជំងឺដែលមានរោគសញ្ញាឆ្លើយតបទៅនឹងការព្យាបាលប្រើប្រាស់ឱសថបញ្ចុះជាតិទឹកប្រម៉ាត់។ 

សូមបញ្ជាក់ផងដែរថា ពុំមានការព្យាបាលដោយប្រើប្រាស់ថ្នាំឱសថ ដែលមានប្រសិទ្ធភាពអាចរំលាយក្រួសបាននៅឡើយទេ ការព្យាបាលដោយប្រើប្រាស់ឱសថនេះសំរាប់ជួយបំបាត់រោគសញ្ញា ឬសំរាប់សាកល្បងព្យាបាលអ្នកជំងឺមិនមានរោគសញ្ញាច្បាស់លាស់ប៉ុណ្ណោះ។

 

 

 

 


ប្រកាសក្នុង: បញ្ហាផ្សេងៗ
ការណាត់ជួប